២ របាក្សត្រ 13:16-22 KHSV

16 ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ពួក​គេ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​យូដា។

17 ព្រះ‌បាទ​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល អស់ ៥០០ ០០០ នាក់។

18 នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង រីឯ​កូន​ចៅ​យូដា​វិញ ពួក​គេ​បាន​ទទួល​ជោគ​ជ័យ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។

19 ព្រះ‌បាទ​អប៊ី‌យ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ហើយ​ដណ្ដើម​យក​បាន​ក្រុង​ខ្លះ​ពី​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

20 ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អប៊ី‌យ៉ា ព្រះ‌បាទ​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មក​ព្រះ‌អម្ចាស់​បាន​ប្រហារ​ស្ដេច​ឲ្យ​សោយ​ទិវង្គត​ទៅ។

21 ផ្ទុយ​ទៅ​វិញ ព្រះ‌បាទ​អប៊ី‌យ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្ដេច​មាន​មហេសី​ដប់‌បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ​មួយ​អង្គ។

22 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អប៊ី‌យ៉ា គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ធ្វើ និង​រាជ‌ឱង្ការ​ដែល​ស្ដេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ព្យាការី​អ៊ីដោ។