16 ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ
17 ប៉ុន្តែ គេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកអយ្យកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ
18 កាលព្រះយេហូវ៉ាបានតាំងឲ្យមានចៅហ្វាយដល់គេ នោះទ្រង់ក៏គង់ជាមួយនឹងចៅហ្វាយនោះ ហើយបានជួយសង្គ្រោះគេឲ្យរួចពីកណ្តាប់ដៃនៃខ្មាំងសត្រូវ នៅគ្រប់១ជីវិតរបស់ចៅហ្វាយនោះ ពីព្រោះព្រះយេហូវ៉ាទ្រង់អាណិតអាសូរដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ
19 តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកអយ្យកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ
20 នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា បានកាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍នេះបានរំលងសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកអយ្យកោគេ ហើយមិនបានស្តាប់តាមពាក្យរបស់អញ
21 បានជាពីនេះទៅមុខ អញលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានទុកពីកាលស្លាប់ទៅនោះ ចេញពីមុខគេឡើយ
22 ដើម្បីឲ្យអញបានល្បងលអ៊ីស្រាអែលមើល បើគេនឹងខំប្រឹងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដូចជាពួកអយ្យកោគេបានកាន់តាមឬទេ