ជនគណនា 13:26-32 KHOV

26 គេ​ត្រឡប់​មក​ដល់​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង

27 គេ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​នែ ផល​របស់​ស្រុក​នោះ

28 ប៉ុន្តែ​មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ

29 សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។

30 ឯ​កាលែប លោក​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម​ចំពោះ​មុខ​ម៉ូសេ រួច​និយាយ​ថា ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំ​ខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល

31 ប៉ុន្តែ​មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា​មួយ​គ្នា គេ​ប្រកែក​ថា យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់

32 អ្នក​ទាំង​នោះ​ក៏​បង្ក‌បង្កើត​រឿង​អាក្រក់​ពី​ស្រុក ដែល​គេ​បាន​សង្កេត​មើល​នោះ ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ដល់​ពួក​អ្នក ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ