13 តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់)
14 នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ និងក្នុងបង្គោលភ្លើងនៅវេលាយប់
15 ដូច្នេះ បើទ្រង់សំឡាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា
16 ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសំឡាប់គេ នៅក្នុងទីរហោស្ថានវិញ
17 ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានព្រះបន្ទូលរួចហើយថា
18 ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត និងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង
19 ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។