ជនគណនា 14:29-35 KHOV

29 គឺ​ខ្មោច​របស់​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​បាន​រទូ‌រទាំ​ទាស់​នឹង​អញ នោះ​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ​ឯង ដរាប​ដល់​គ្រប់​ចំនួន​នោះ

30 ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ និង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ

31 ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង

32 តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ

33 ហើយ​កូន​ចៅ​របស់​ឯង​រាល់​គ្នា និង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​៤០​ឆ្នាំ ព្រម​ទាំង​ទ្រាំទ្រ​នឹង​សេចក្ដី​កំផិត​របស់​ឯង​រាល់​គ្នា ដរាប​ដល់​ខ្មោច​ឯង​ទាំង​ប៉ុន្មាន បាន​រលួយ​ទៅ នៅ​ទី​រហោ‌ស្ថាន​នេះ

34 ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា

35 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ពួក​ជំនុំ​ខូច​អាក្រក់ ដែល​បាន​ប្រមូល​គ្នា ទាស់​នឹង​អញ​នេះ​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​រោយ‌រៀវ​ទៅ នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។