8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង និងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
9 ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុត នោះរបស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង
10 ត្រូវឲ្យឯងបរិភោគរបស់ទាំងនោះ នៅកន្លែងបរិសុទ្ធបំផុត គ្រប់ទាំងប្រុសៗ ត្រូវបរិភោគចុះ គឺជារបស់បរិសុទ្ធដល់ឯង
11 ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងដង្វាយលើកចុះឡើង និងដង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង និងកូនប្រុសកូនស្រីឯងផង ទុកជាកំរៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន
12 ហើយប្រេងល្អបំផុតទាំងអស់ និងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូង ដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ
13 ឯផលដំបូងពីរបស់ទាំងអស់ នៅក្នុងស្រុកគេ ដែលយកមកថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបានជារបស់ផងឯងដែរ អស់អ្នកណានៅក្នុងគ្រួសារឯង ដែលស្អាត នឹងបរិភោគរបស់ទាំងនោះបាន
14 គ្រប់របស់អ្វីដែលថ្វាយដាច់ នៅក្នុងពួកអ៊ីស្រាអែល នោះក៏ជារបស់ផងឯង