1 នេះជាសុភាសិតរបស់សាឡូម៉ូន។កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
2 ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្តីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
3 ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែទ្រង់ច្រានសេចក្តីលោភរបស់មនុស្សអាក្រក់ចេញ។
4 អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
5 ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុកនៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចំរូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្តីខ្មាស។