អេសាយ 30:23-29 KHOV

23 យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ

24 ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ‌រាស់​វា​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ

25 ហើយ​នឹង​មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ

26 មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​១​ជា​៧ គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​៧​រួម​មក​តែ​១ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។

27 មើល ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចំងាយ កំពុង​តែ​ឆេះ ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង ព្រះ‌រឹម​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ហើយ​ព្រះ‌ជិវ្ហា​របស់​ទ្រង់​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស

28 ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​នឹង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ

29 នោះ​ឯង​រាល់​គ្នា​នឹង​ច្រៀង​ចំរៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល