20 ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក និងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក
21 ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។
22 ទោះបើយ៉ាងនោះ ឱពួកយ៉ាកុបអើយ គង់តែឯងមិនបានអំពាវនាវដល់អញដែរ គឺឯងបានណាយចិត្តនឹងអញវិញ ឱអ៊ីស្រាអែលអើយ
23 ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាដង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយដង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ
24 ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏ មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។
25 គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ
26 ចូររំឭកអញចុះ ឲ្យយើងបានតវ៉ាគ្នា ចូររាប់រៀបប្រាប់ពីហេតុរបស់ឯងមក ដើម្បីឲ្យឯងបានតាំងឡើងជាសុចរិត