អេសាយ 49:9-15 KHOV

9 ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​សំដែង​ខ្លួន​ចេញ​មក​ចុះ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រក​ស៊ី​ដល់​គេ

10 គេ​នឹង​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ទ្រង់​នឹង​នាំ​គេ​ទៅ អើ ទ្រង់​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក

11 អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង

12 មើល​ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម

13 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។

14 តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ

15 ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ