2 គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ
3 ដ្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់ឯងបានពោលពាក្យកំភូត ហើយអណ្តាតឯងពោលងាំៗចេញជាសេចក្ដីទុច្ចរិត
4 គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរទទេ គេមានទំងន់ជាគំនិតបៀតបៀន ហើយសំរាលចេញជាអំពើទុច្ចរិត
5 គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក
6 មងរបស់គេនឹងប្រើធ្វើជាសំលៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួន ដោយការដែលគេធ្វើក៏មិនបានដែរ ការរបស់គេសុទ្ធតែជាអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ
7 ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្ដីទុច្ចរិតទទេ មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ
8 គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយសេចក្ដីយុត្តិធម៌ក៏គ្មាន នៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្ដីសុខឡើយ។