អេសាយ 59:6-12 KHOV

6 មង​របស់​គេ​នឹង​ប្រើ​ធ្វើ​ជា​សំលៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ ការ​របស់​គេ​សុទ្ធ​តែ​ជា​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ

7 ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​សេចក្ដី​ទុច្ចរិត​ទទេ មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ

8 គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​សេចក្ដី​យុត្តិ‌ធម៌​ក៏​គ្មាន នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សំរាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។

9 ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់​ផង យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​មើល មាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង​វិញ

10 យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ អើ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្តាល​ទី​សាប‌សូន្យ

11 យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា‌ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទេ

12 ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ទ្រង់ ឯ​ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ ពី​ព្រោះ​អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ ឯ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​ក៏​ស្គាល់​ទាំង​អស់​ហើយ