13 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់អញ ហើយនឹងមានភ្លៀងរំលាដោយសេចក្ដីកំហឹងរបស់អញ ព្រមទាំងគ្រាប់ព្រិលយ៉ាងធំ ដោយសេចក្ដីឃោរឃៅរបស់អញ ដើម្បីនឹងបំផ្លាញបង់
14 គឺយ៉ាងនោះដែលអញនឹងរំលំកំផែង ដែលឯងរាល់គ្នាបានបូកដោយល្បាប់នោះ អញនឹងរលំចុះដល់ដី ឲ្យឫសបានបើកឲ្យឃើញ កំផែងនោះនឹងរំលំចុះ ហើយឯងរាល់គ្នានឹងសាបសូន្យទៅ នៅកណ្តាលនោះផង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
15 គឺយ៉ាងនោះដែលអញនឹងសំរេចសេចក្ដីក្រោធរបស់អញ នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកដោយល្បាប់ផងដែរ រួចអញនឹងនិយាយនឹងឯងរាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង
16 គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលទាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញការជាក់ស្តែងពីសេចក្ដីសុខសំរាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
17 ឯឯង កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍ឯង ដែលទាយចេញពីចិត្តខ្លួនគេ ហើយទាយទាស់នឹងគេ
18 ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកស្រីៗដែលដេរកែបកំណល់ភ្ជាប់ នៅកួយដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សំរាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ ឯងរាល់គ្នារកចាប់ព្រលឹងរបស់សាសន៍អញដូច្នេះ នោះតើនឹងអាចជួយសង្គ្រោះព្រលឹងគេដែលមកឯឯងឲ្យរស់នៅបានឬ
19 ឯងរាល់គ្នាបានបន្ទាបបន្ថោកអញ នៅកណ្តាលរាស្ត្រអញ ឲ្យតែបានស្រូវឱក១កំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសំឡាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅវិញ ដោយឯងកុហកដល់រាស្ត្រអញ ដែលស្តាប់តាមសេចក្ដីកុហកនោះឬអី។