28 ខណៈនោះ ស្តេចដាវីឌទ្រង់មានព្រះបន្ទូលថា ចូរហៅបាតសេបាមកនេះ ព្រះនាងក៏ចូលមកឈរគាល់នៅចំពោះស្តេច
29 រួចស្តេចទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ឲ្យរួចពីគ្រប់ទាំងសេចក្តីវេទនាថា
30 នៅថ្ងៃនេះ យើងនឹងសំរេចតាមសេចក្តីដែលយើងបានស្បថនឹងឯង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលថា សាឡូម៉ូនជាកូនឯង ត្រូវឡើងសោយរាជ្យតពីយើងជាពិត ហើយនឹងអង្គុយលើបល្ល័ង្កជំនួសយើង
31 ដូច្នេះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា បពិត្រព្រះករុណា សូមឲ្យព្រះអម្ចាស់នៃខ្ញុំម្ចាស់បានប្រកបដោយសេចក្តីចំរើនជានិច្ចតទៅ។
32 រួចមក ស្តេចដាវីឌ ទ្រង់មានព្រះបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច
33 ទ្រង់មានព្រះបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
34 ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្តីចំរើនចុះ