19 រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ
20 យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
21 ឯរេហូបោម ជាព្រះរាជបុត្រានៃសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានចាប់តាំងសោយរាជ្យឡើង នោះទ្រង់បានព្រះជន្ម៤១ឆ្នាំហើយ ក៏សោយរាជ្យបាន១៧ឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ា ទ្រង់បានរើសចេញ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សំរាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងនាមជាន៉ាអាម៉ា ជាសាសន៍អាំម៉ូន
22 ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្តីប្រចណ្ឌ ដោយសារអំពើបាប ដែលគេប្រព្រឹត្តលើសជាងពួកអយ្យកោរបស់គេទៅទៀត
23 ដ្បិតគេបានធ្វើទីខ្ពស់ បង្គោលសំរាប់គោរព និងរូបព្រះ សំរាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
24 ក៏តាំងឲ្យមានកូនជឹងនៅក្នុងស្រុកដែរ គេប្រព្រឹត្ត តាមអស់ទាំងអំពើគួរស្អប់ខ្ពើម របស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
25 លុះឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម