២ ពង្សាវតារក្សត្រ 17:30-36 KHOV

30 ពួក​ដែល​មក​ពី​ក្រុង​បាប៊ី‌ឡូន គេ​ធ្វើ​ព្រះ​សិកូត-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ីម៉ា

31 ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ា‌លេក និង​ព្រះ​អ័ណា‌ម៉ា‌លេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ

32 យ៉ាង​នោះ គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឡើង ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សំរាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​ក្នុង​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់​ទាំង​នោះ

33 គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​ខ្លួន​ផង តាម​ទំលាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន នៅ​ស្រុក​កំណើត​គេ​រៀង​ខ្លួន

34 គេ​នៅ​តែ​ប្រព្រឹត្ត​តាម​បែប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្ត​តាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ និង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ឲ្យ​ឈ្មោះ​ថា អ៊ីស្រា‌អែល នោះ​ផង

35 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​កូន​ចៅ​យ៉ាកុប​នោះ ហើយ​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ ឬ​ប្រតិ‌បត្តិ​តាម ឬ​ថ្វាយ​យញ្ញ‌បូជា​ដល់​វា​ដែរ

36 គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ និង​ព្រះ‌ហស្ត​លើក​សំរេច ហើយ​ត្រូវ​ក្រាប​គោរព​ដល់​ទ្រង់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​របស់​ឯង​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ