1 ស្តេចទ្រង់ក៏ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា និងក្រុងយេរូសាឡិមមកប្រជុំគ្នា
2 រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន និងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្តីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់
3 ស្តេចទ្រង់ឈរនៅលើទីថ្កល់ ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញា ដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្តាជនទាំងឡាយ គេក៏យល់ព្រមតាមដែរ។
4 ស្តេចទ្រង់បង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកអស់ទាំងប្រដាប់ប្រដា ដែលបានធ្វើសំរាប់ព្រះបាល និងសំរាប់រូបព្រះ ហើយសំរាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅ រួចទ្រង់ដុតចោលទាំងអស់ នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផែះទៅឯក្រុងបេត-អែល