២ សាំយូអែល 18:18-24 KHOV

18 រីឯ​នៅ​គ្រា​ដែល​អាប់‌សា‌ឡំម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​ធ្វើ​បង្គោល​ថ្ម​១ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សំរាប់​ជា​ទី​រំឭក ដោយ​នឹក​ថា អញ​គ្មាន​កូន​ប្រុស ដើម្បី​នឹង​បន្ត​ឈ្មោះ​អញ​ទេ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់‌សា‌ឡំម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

19 គ្រា​នោះ​អ័ហ៊ីម៉ាស កូន​សាដុក មាន​វាចា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​នាំ​ដំណឹង រត់​ទៅ​ទូល​ស្តេច ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ទ្រង់​ហើយ

20 តែ​យ៉ូអាប់​ឆ្លើយ​ថា ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ​ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ពី​ព្រោះ​ព្រះ‌រាជ​បុត្រ​នៃ​ស្តេច​សុគត​ហើយ

21 រួច​មក​យ៉ូអាប់​ប្រាប់​ទៅ​គូស៊ី ថា ចូរ​ឯង​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​ឯង​បាន​ឃើញ​ចុះ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ទៅ

22 នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង យ៉ូអាប់​តប​ថា កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ

23 តែ​គាត់​ថា ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ​ចុះ គង់​តែ​ខ្ញុំ​នឹង​រត់​ទៅ​ដែរ ដូច្នេះ យ៉ូអាប់​ក៏​បណ្តោយ​ថា ចូរ​រត់​ទៅ​ចុះ អ័ហ៊ីម៉ាស​ក៏​រត់​ទៅ​តាម​ផ្លូវ​វាល​ដល់​មុន​គូស៊ី។

24 ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​២ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោង‌ទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក