កិច្ចការ 10:24-30 KHOV

24 ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេ‌លាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន និង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​លោក​មក​ផង។

25 កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេ‌លាស​ក៏​មក​រាក់​ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​ទៀប​ជើង​គាត់

26 តែ​ពេត្រុស​លើក​លោក​ឡើង ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ

27 នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ

28 រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ

29 ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី

30 កូនេ‌លាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ