41 កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្ដីអំណរ និងសេចក្ដីអស្ចារ្យ នោះទ្រង់មានព្រះបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ
42 គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់
43 រួចទ្រង់យកទៅសោយនៅមុខគេ
44 ក៏មានព្រះបន្ទូលថា នេះហើយជាសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង
45 នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ
46 ទ្រង់មានព្រះបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ
47 ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ