8 ឥឡូវនេះ ចូរសរសេរដោយព្រះនាមយើងផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទំរង់យើងផង ដ្បិតសេចក្ដីណាដែលបានកត់ចុះដោយនូវព្រះនាមនៃស្តេច ហើយប្រថាប់ត្រាដោយព្រះទំរង់រាជ្យ នោះនឹងលើកចោលចេញពុំបានឡើយ។
9 ដូច្នេះ នៅវេលានោះឯង គឺថ្ងៃ២៣ខែទី៣ ជាខែជេស្ឋ នោះគេបានហៅពួកស្មៀនហ្លួងមក កត់អស់ទាំងសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកចៅហ្វាយខេត្ត និងពួកចៅហ្វាយស្រុក ហើយពួកអ្នកជាប្រធាននៅគ្រប់ទាំង១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គរហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិ និងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់ពួកសាសន៍យូដាតាមអក្សរ តាមភាសារបស់គេដែរ
10 លោកបានធ្វើសំបុត្រនោះ ដោយនូវព្រះនាមនៃស្តេចអ័ហាស៊ូរុស ព្រមទាំងប្រថាប់ត្រាដោយព្រះរាជទំរង់ រួចផ្ញើទៅ ដោយសារពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសត្វយ៉ាងលឿន ដែលនៅក្នុងក្រសួងស្តេច
11 ឯក្នុងសំបុត្រទាំងនោះ ស្តេចទ្រង់អនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយឲ្យបំផ្លាញ សំឡាប់ និងធ្វើឲ្យវិនាសដល់គ្រប់ទាំងអំណាចរបស់បណ្តាជន នៅខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន ទោះទាំងកូនក្មេង និងពួកស្រីៗផង ហើយឲ្យរឹបជាន់យកទ្រព្យសម្បត្តិរបស់គេទុកជារបឹបដែរ
12 នៅគ្រប់ទាំងអាណាខេត្តនៃស្តេចអ័ហាស៊ូរុស ក្នុងថ្ងៃ១នោះឯង គឺជាថ្ងៃ១៣ខែ១២ ដែលជាខែផល្គុន
13 សំបុត្រទាំងនោះមានចម្លងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ថា ពួកសាសន៍យូដាត្រូវប្រុងប្រៀបនឹងសងសឹក ដល់ពួកខ្មាំងសត្រូវរបស់ខ្លួន នៅថ្ងៃនោះឯង
14 ដូច្នេះ ពួកអ្នករត់សំបុត្រទាំងនោះ ដែលជិះសត្វយាងលឿន ជាសត្វដែលប្រើក្នុងក្រសួងនៃស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងបង្គាប់ស្តេចបង្ខំផង ហើយព្រះរាជឱង្ការនោះ ក៏បានផ្សាយចេញទៅ នៅត្រង់ស៊ូសាន ជាទីក្រុងហ្លួងដែរ។