5 ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ
6 ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ
7 ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច និងពួករដ្ឋមន្ត្រីថា មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ
8 ត្រូវឲ្យទាំងអស់គ្រលុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស និងសត្វផង ហើយត្រូវគ្រប់គ្នាអំពាវនាវយ៉ាងខ្លាំង ដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង
9 ប្រហែលជាព្រះ ទ្រង់នឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្តីក្រោធដ៏សហ័សរបស់ទ្រង់ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង
10 ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។