6 ព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ក៏បំរុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលប្រយោជន៍ឲ្យលោកបានរួចពីសេចក្តីតប់ប្រមល់ទៅ ដូច្នេះយ៉ូណាសមានសេចក្តីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ
7 ប៉ុន្តែដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បំរុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ
8 លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បំរុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ
9 នោះព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ
10 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុង១យប់ ហើយបានវិនាសទៅ ក្នុង១យប់ដូចគ្នានោះ
11 ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី។:៚