22 ម្នាលសត្វនៅផែនដីទាំងឡាយ កុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វា និងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្តិវា
23 ដូច្នេះពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្តីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម និងភ្លៀងចុងរដូវ ដូចកាលមុន
24 អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ និងប្រេង
25 អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ និងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ
26 ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង ក៏នឹងសរសើរដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់បានប្រព្រឹត្តនឹងឯងយ៉ាងអស្ចារ្យ រួចរាស្ត្រអញនឹងមិនត្រូវមានសេចក្តីខ្មាសទៀតឡើយ
27 នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្តីខ្មាសទៀតឡើយ។
28 ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង