យ៉ូអែល 2:25-31 KHOV

25 អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ

26 ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង ក៏​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​អស្ចារ្យ រួច​រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ

27 នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​ស្ថិត​នៅ​កណ្តាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ឥត​មាន​ព្រះ​ណា​ដទៃ​ទៀត យ៉ាង​នោះ រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ។

28 ក្រោយ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំឡោះៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង

29 នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ

30 អញ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម និង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង

31 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់