14 ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកដង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់ សំរាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។
15 រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សំរាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាដង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សំរាក
16 ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សំរាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា
17 ត្រូវយកនំបុ័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ត២ខ្ញឹងពីផ្ទះឯង មកថ្វាយជាដង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសំរាប់ជាដង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
18 ហើយត្រូវយកកូនចៀម៧ឥតខ្ចោះអាយុ១ខួប និងគោឈ្មោលស្ទាវ១ ហើយនឹងចៀមឈ្មោល២ មកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចផង ជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
19 ក៏ត្រូវថ្វាយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប និងកូនចៀមឈ្មោល២អាយុ១ខួប សំរាប់ជាយញ្ញបូជានៃដង្វាយមេត្រីដែរ
20 ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ ដង្វាយទាំងនោះ សុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសំរាប់ពួកសង្ឃ