15 ត្រូវឲ្យទិញពីអ្នកជិតខាងឯង រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យឯង ដោយរាប់តាមចំនួនរដូវចំរូតដែរ
16 បើនៅមានច្រើនឆ្នាំទៅទៀត នោះឯងត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចំរូតទេដែលគេលក់ឲ្យឯង
17 មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
18 ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត
19 ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត
20 បើឯងរាល់គ្នាសួរថា មើល ក្នុងឆ្នាំទី៧នេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ
21 នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់៣ឆ្នាំវិញ