1 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលចូលទៅក្នុងក្រោលចៀម មិនមែនតាមទ្វារ គឺឡើងចូលតាមកន្លែងណាឯទៀតវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ
2 ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត
3 អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ
4 កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់
5 វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ
6 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះទៅគេ តែគេមិនដឹងជាទ្រង់មានព្រះបន្ទូលពីដំណើរអ្វីទេ។
7 ដូច្នេះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម
8 អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ
9 ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល
10 ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង
11 ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម
12 តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកំចាត់កំចាយហ្វូងចៀមផង
13 អ្នកស៊ីឈ្នួលនោះរត់ទៅ ពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ វាមិនយកចិត្តទុកដាក់នឹងចៀមឡើយ
14 ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ
15 ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម
16 ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ និងអ្នកគង្វាលតែ១វិញ
17 ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ
18 គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះ ពីព្រះវរបិតាខ្ញុំមក
19 នោះពួកសាសន៍យូដាក៏កើតបែកបាក់ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ
20 ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអីបានជាស្តាប់វា
21 ខ្លះទៀតថា នេះមិនមែនជាពាក្យសំដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ។
22 គ្រានោះជារដូវរងា ហើយនៅក្រុងយេរូសាឡិម គេកំពុងតែធ្វើបុណ្យឆ្លង
23 ឯព្រះយេស៊ូវ ទ្រង់យាងចុះឡើងក្នុងព្រះវិហារ ត្រង់បាំងសាចហ្លួងសាឡូម៉ូន
24 នោះមានពួកសាសន៍យូដាចោមព័ទ្ធទ្រង់ទូលសួរថា តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ
25 ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើ ដោយនូវនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ
26 ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ដ្បិតអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ ដូចជាខ្ញុំបានប្រាប់ស្រេចហើយ
27 ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ
28 ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ
29 ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ
30 ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។
31 នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ
32 តែទ្រង់មានព្រះបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ
33 ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ
34 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើគ្មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ»ទេឬអី
35 ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលើកចោលបទគម្ពីរណាមិនបាន
36 នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ៍ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី
37 បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ
38 ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។
39 គេក៏ចាប់ទ្រង់ម្តងទៀត តែទ្រង់គេចចេញរួចពីកណ្តាប់ដៃគេទៅ
40 រួចយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត គឺជាកន្លែងដែលលោកយ៉ូហានធ្វើបុណ្យជ្រមុជជាមុនដំបូង ហើយទ្រង់គង់នៅទីនោះ
41 នោះមានមនុស្សជាច្រើនមកឯទ្រង់ ក៏និយាយថា លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់
42 នៅទីនោះ មានមនុស្សជាច្រើនជឿដល់ទ្រង់ដែរ។