1 ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់
2 ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់
3 ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់
4 លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ
5 ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ
6 កាលពួកសង្គ្រាជ និងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ
7 ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។
8 កាលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង
9 លោកត្រឡប់ទៅក្នុងសាលាជំនុំ ទូលសួរព្រះយេស៊ូវថា តើអ្នកមកពីណា តែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះ
10 ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬអីថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន
11 ព្រះយេស៊ូវមានព្រះបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង
12 តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ
13 កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជំរះ
14 (រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើល នេះស្តេចនៃអ្នករាល់គ្នា
15 តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ
16 ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។
17 ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា
18 គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល
19 លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»
20 មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក និងឡាតាំង
21 ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបលោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា
22 លោកពីឡាត់ឆ្លើយថា ឯសេចក្តីដែលខ្ញុំសរសេរ នោះបានសរសេរស្រេចទៅហើយ
23 ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ
24 ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់អ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។
25 ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស និងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់
26 ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា
27 រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន។
28 ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់
29 រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់
30 កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។
31 ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ
32 ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងអ្នក១ រួចអ្នក១ទៀតដែលជាប់ឆ្កាងជាមួយនឹងទ្រង់
33 តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ
34 ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនឹងទឹកមក
35 អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្តីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ
36 ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ»
37 ក៏មានបទ១ទៀតថា «គេនឹងមើលព្រះអង្គដែលគេបានចាក់»។
38 ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសំងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យ ដូច្នេះ លោកបានមកយកព្រះសពព្រះយេស៊ូវទៅ
39 ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក
40 លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច
41 មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ
42 ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។