យ៉ូហាន 19:30-36 KHOV

30 កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​ព្រះ‌បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។

31 ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ

32 ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់

33 តែ​កាល​គេ​មក​ដល់​ព្រះ‌យេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះ‌បាទ​ទ្រង់​ទេ

34 ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​នឹង​ទឹក​មក

35 អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្តី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ

36 ដ្បិត​ការ​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សំរេច ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ»