27 ឯអ្នកនេះ យើងដឹងជាមកពីណា តែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ
28 ដូច្នេះកំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ
29 តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិតដែលចាត់ឲ្យខ្ញុំមក
30 ដូច្នេះគេរកចាប់ទ្រង់ ប៉ុន្តែគ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ
31 នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី។
32 ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ និងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់
33 ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ