16 នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច
17 កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង
18 ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ
19 ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្ដីដែលឯងបានឃើញ ព្រមទាំងសេចក្ដីដែលមានសព្វថ្ងៃនេះ និងសេចក្ដីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង
20 ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។