1 ខ្ញុំក៏ឃើញទេវតាដ៏ពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុម ហើយមានឥន្ទធនូនៅលើក្បាលទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង
2 មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក
3 រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧
4 កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ
5 រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោក ក៏លើកដៃស្តាំទៅលើមេឃ
6 ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ និងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ
7 តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្ដីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។
8 ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ
9 ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ
10 នោះខ្ញុំយកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ
11 រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ និងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។