1 ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានលើមក ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់១យ៉ាងធំនៅដៃ
2 ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង
3 ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ចប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច។
4 ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ
5 តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណៈរស់ឡើងវិញទី១
6 មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណៈរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ។
7 លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ
8 នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៍ដែលនៅផែនដីទាំង៤ទិស ឲ្យវង្វេង គឺទាំងសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ
9 នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនឹងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ
10 រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។
11 ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ និងព្រះអង្គដែលគង់លើ ឯផែនដី និងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ
12 នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
13 ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
14 ចំណែកសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២
15 បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។