1 រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ
2 ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី
3 ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ
4 ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។
5 ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ
6 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា និងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ
7 ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ
8 តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២វិញ។
9 ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម
10 នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ
11 ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ
12 ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២
13 នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ
14 កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះ ជាឈ្មោះពួកសាវករបស់ពួកកូនចៀមទាំង១២នាក់។
15 ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង និងទ្វារ ហើយកំផែងក្រុងដែរ
16 ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់
17 ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ
18 កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ
19 ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត
20 ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក
21 ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ។
22 ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ
23 ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ
24 អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ
25 ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ
26 មនុស្សលោកនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះ
27 ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្ដីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។