វិវរណៈ 5 KHOV

ក្រាំង​ដែល​មាន​បិទ​ត្រា​ប្រាំ​ពីរ និង​កូន​ចៀម​របស់​ព្រះ

1 ឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង

2 រួច​ឃើញ​ទេវតា​១​ដ៏​ខ្លាំង​ពូកែ ប្រកាស​សួរ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា តើ​អ្នក​ណា​គួរ​នឹង​បក​ត្រា ហើយ​បើក​ក្រាំង​នោះ

3 តែ​គ្មាន​អ្នក​ណា​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី ដែល​អាច​នឹង​បើក​ក្រាំង​នោះ​បាន​ឡើយ សូម្បី​តែ​ក្រឡេក​មើល​ក៏​ពុំ​បាន​ផង

4 នោះ​ខ្ញុំ​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​គួរ​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​ទេ

5 រួច​មាន​ចាស់‌ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫស‌កែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។

6 ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ និង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក និង​តួ​មាន​ជីវិត​ទាំង​៤ ហើយ​នៅ​កណ្តាល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន ឯ​ភ្នែក​ទាំង​នោះ គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី

7 កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក​ទៅ

8 លុះ​បាន​យក​ក្រាំង​ទៅ​ហើយ នោះ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់‌ទុំ​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ស៊ុង និង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ

9 ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ

10 ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី។

11 នោះ​ខ្ញុំ​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ព្រម​ទាំង​តួ​មាន​ជីវិត និង​ពួក​ចាស់‌ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់

12 គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា កូន​ចៀម​ដែល​គេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិ‌នាម សិរី‌ល្អ និង​ព្រះ‌ពរ

13 នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះ‌ពរ កិត្តិ‌នាម សិរី‌ល្អ និង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ

14 រួច​តួ​មាន​ជីវិត​ទាំង​៤​ក៏​ទទួល​ថា អាម៉ែន ហើយ​ពួក​ចាស់‌ទុំ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22