២ ធីម៉ូថេ 1:8-14 KHOV

8 ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់​គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ‌ចេស្តា​នៃ​ព្រះ​ចុះ

9 ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះ‌គុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ មុន​អស់​ទាំង​កល្ប

10 តែ​ឥឡូវ​នេះ ទើប​នឹង​សំដែង​មក ដោយ​ដំណើរ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ទ្រង់​លេច​មក ដែល​ទ្រង់​បាន​បំផ្លាញ​សេចក្តី​ស្លាប់ ហើយ​បាន​យក​ជីវិត និង​សេចក្តី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយ‌សារ​ដំណឹង​ល្អ​វិញ

11 ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នោះ និង​ជា​សាវក ហើយ​ជា​គ្រូ​បង្រៀន​ដល់​សាសន៍​ដទៃ

12 គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង

13 ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ទុក​ជា​គំរូ​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

14 ចូរ​រក្សា​បញ្ញើ​ល្អ​ដែល​ផ្ញើ​ទុក​នឹង​អ្នក ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។