14 ហើយដោយសារការជាប់ចំណងរបស់ខ្ញុំនេះ បងប្អូនភាគច្រើនបានជឿជាក់លើព្រះអម្ចាស់ ហើយកាន់តែហ៊ានប្រកាសព្រះបន្ទូលដោយឥតភ័យខ្លាចឡើយ។
15 មានមនុស្សមួយចំនួនប្រកាសអំពីព្រះគ្រិស្ដ ដោយព្រោះសេចក្ដីឈ្នានីស និងការឈ្លោះប្រកែកមែន ប៉ុន្ដែមានមនុស្សមួយចំនួនទៀតពិតជាប្រកាសដោយព្រោះបំណងល្អ
16 គឺពួកគេប្រកាសដោយសេចក្ដីស្រឡាញ់ ទាំងដឹងថា ខ្ញុំត្រូវបានកំណត់សម្រាប់ឆ្លើយការពារដំណឹងល្អ
17 រីឯពួកអ្នកដែលប្រកាសដោយព្រោះសេចក្ដីឈ្នានីស ពួកគេប្រកាសអំពីព្រះគ្រិស្ដដោយការប្រជែង មិនមែនដោយស្មោះត្រង់ទេ គឺដោយគិតថា នឹងធ្វើឲ្យការជាប់ចំណងរបស់ខ្ញុំកាន់តែវេទនា
18 តើយ៉ាងដូចម្ដេចដែរ? គឺមិនថាដោយរបៀបណាទេ ទោះបីដោយធ្វើពុត ឬដោយពិតប្រាកដក្ដី ឲ្យតែគេបានប្រកាសអំពីព្រះគ្រិស្ដ នោះខ្ញុំត្រេកអរចំពោះការនេះហើយ រួចខ្ញុំនឹងត្រេកអរតទៅទៀត
19 ដ្បិតខ្ញុំដឹងថា ការនេះនឹងត្រលប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយសារការទូលអង្វររបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដ។
20 ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសារ និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំងស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី