7 ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
8 ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
9 ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
10 នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
11 ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិតតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
12 បងប្អូនអើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ហេតុការណ៍ទាំងឡាយដែលកើតឡើងចំពោះខ្ញុំ បានធ្វើឲ្យដំណឹងល្អកាន់តែរីកចម្រើនឡើង
13 ដូច្នេះហើយបានជាក្នុងបន្ទាយទ័ពទាំងមូល និងអ្នកទាំងអស់ផ្សេងទៀតបានដឹងច្បាស់អំពីការជាប់ចំណងរបស់ខ្ញុំដោយសារព្រះគ្រិស្ដ