15 ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាមនុស្សដែលស្លូតត្រង់ ឥតបន្ទោសបាន និងជាកូនរបស់ព្រះជាម្ចាស់ដែលគ្មានកំហុសនៅកណ្ដាលចំណោមជំនាន់មនុស្សដែលវៀចវេរ ហើយខិលខូចនេះ គឺអ្នករាល់គ្នាកំពុងចាំងពន្លឺក្នុងចំណោមពួកគេ ដូចជាពន្លឺចាំងមកក្នុងពិភពលោកនេះ
16 ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួតនៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ។
17 ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ
18 ចូរអ្នករាល់គ្នាមានអំណរដូចគ្នា ហើយត្រេកអរជាមួយខ្ញុំដែរចុះ។
19 ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា នឹងចាត់ធីម៉ូថេឲ្យមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំសប្បាយចិត្ដនៅពេលដឹងអំពីអ្នករាល់គ្នា
20 ដ្បិតខ្ញុំគ្មានអ្នកណាដែលមានចិត្ដដូចគាត់ទេ ជាអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាអស់ពីចិត្ដ
21 ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ