8 ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រិស្ដ
9 និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គដោយសារសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ
10 ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត
11 ដើម្បីឲ្យខ្ញុំបានរស់ពីស្លាប់ឡើងវិញ។
12 មិនមែនថា ខ្ញុំបានទៅដល់ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្ដែខ្ញុំព្យាយាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រិស្ដយេស៊ូបានចាប់ខ្ញុំសម្រាប់សេចក្ដីនោះ។
13 បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ
14 ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។