16 ហើយសូម្បីតែកាលខ្ញុំនៅក្រុងថែស្សាឡូនីចនោះ អ្នករាល់គ្នាក៏បានផ្ញើម្ដងពីរដងរួចមកហើយ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ។
17 ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ
18 ដ្បិតខ្ញុំមានអ្វីៗគ្រប់បែបយ៉ាងទាំងហូរហៀរទៀតផង។ ខ្ញុំបានទទួលអ្វីៗគ្រប់គ្រាន់ហើយពីអ្នករាល់គ្នាតាមរយៈលោកអេប៉ាប្រូឌីត គឺជាតង្វាយដ៏សែនក្រអូប ជាយញ្ញបូជាដែលព្រះជាម្ចាស់ទទួលយកទាំងសព្វព្រះហឫទ័យ។
19 ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញគ្រប់ទាំងសេចក្ដីត្រូវការរបស់អ្នករាល់គ្នាស្របតាមភាពបរិបូររបស់ព្រះអង្គប្រកបដោយសិរីរុងរឿង ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ
20 សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតារបស់យើងបានប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ច អាម៉ែន។
21 សូមជម្រាបសួរដល់ពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ រីឯបងប្អូនទាំងឡាយដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ
22 ពួកបរិសុទ្ធទាំងអស់ ជាពិសេសពួកអ្នកនៅក្នុងដំណាក់ស្ដេចក្រុងរ៉ូមក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ