25 ហើយពួកគេសួរគាត់ម្ដងទៀតថា៖ «បើអ្នកមិនមែនជាព្រះគ្រិស្ដ ឬលោកអេលីយ៉ា ឬអ្នកនាំព្រះបន្ទូលទេ ហេតុអ្វីបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
26 លោកយ៉ូហានឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែមានព្រះមួយអង្គនៅក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់
27 ព្រះអង្គយាងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង»។
28 ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងក្រុងបេថានី នៅត្រើយម្ខាងនៃអូរយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
29 ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
30 គឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថា ជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំ ហើយត្រលប់ជាមុនខ្ញុំ ដ្បិតព្រះអង្គបានគង់នៅមុនខ្ញុំ។
31 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ដូច្នេះបានជាខ្ញុំធ្វើពិធីជ្រមុជដោយទឹក ដើម្បីឲ្យអ៊ីស្រាអែលស្គាល់ព្រះអង្គ»។