27 នាងទូលទៅព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំជឿថា ព្រះអង្គជាព្រះគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលត្រូវយាងមកក្នុងពិភពលោកនេះ»។
28 ពេលនាងបាននិយាយដូច្នោះហើយ ក៏ទៅហៅនាងម៉ារា ជាប្អូនស្រីរបស់នាងដោយស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកគ្រូបានហៅប្អូន»។
29 ពេលនាងម៉ារាបានឮដូច្នេះ ក៏ក្រោកឡើងយ៉ាងប្រញាប់ ហើយទៅជួបព្រះអង្គ
30 រីឯព្រះយេស៊ូមិនទាន់យាងចូលក្រុងនៅឡើយទេ ព្រះអង្គបានគង់នៅត្រង់កន្លែងដែលនាងម៉ាថាបានជួបមុននេះ។
31 ពេលពួកជនជាតិយូដាដែលកំពុងជួយរំលែកទុក្ខនាងម៉ារានៅក្នុងផ្ទះបានឃើញនាងម៉ារាក្រោកឡើងយ៉ាងប្រញាប់ចេញទៅដូច្នេះ ពួកគេក៏ទៅតាមដោយគិតថា នាងទៅយំនៅឯផ្នូរ។
32 ពេលនាងម៉ារាទៅដល់កន្លែងព្រះយេស៊ូគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបបាទាព្រះអង្គ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ទេ»
33 ពេលព្រះយេស៊ូឃើញនាងម៉ារា និងពួកជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ ព្រះអង្គក៏រំជួលចិត្ដ ហើយច្រួលច្របល់ក្នុងវិញ្ញាណយ៉ាងខ្លាំង