យ៉ូហាន 13:1-7 KCB

1 នៅ​មុន​ថ្ងៃ​បុណ្យ​រំលង​ ព្រះយេស៊ូ​បាន​ជ្រាប​ថា​ ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញ​ពី​ពិភពលោក​នេះ​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​មក​ដល់​ហើយ។​ ព្រះអង្គ​ស្រឡាញ់​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិភពលោក​នេះ​ណាស់​ ហើយ​ព្រះអង្គ​ក៏​ស្រឡាញ់​ពួកគេ​ដល់​ចុង​បំផុត​ដែរ។​

2 នៅ​ពេល​បរិភោគ​អាហារ​ពេល​យប់​នោះ ​អារក្ស​សាតាំង​បាន​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​យូដាស​អ៊ីស្ការីយ៉ុត​ ជា​កូន​លោក​ស៊ីម៉ូន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ក្បត់​ព្រះអង្គ​

3 ព្រះយេស៊ូ​បាន​ដឹង​ថា​ ព្រះ​វរ​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​ហើយ​ ព្រមទាំង​ដឹង​ទៀត​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​ ហើយ​ត្រូវ​ទៅ​ឯ​ព្រះជាម្ចាស់​វិញ​

4 ដូច្នេះ​ព្រះអង្គ​ក៏​ក្រោក​ចេញ​ពី​តុ​អាហារ​ ហើយ​ដោះ​អាវ​វែង​ចេញ ​រួច​យក​កន្សែង​មួយ​មក​ក្រវាត់​ខ្លួន​

5 បន្ទាប់​មក​ព្រះអង្គ​ចាក់​ទឹក​ក្នុង​ចានក្លាំ​មួយ​ រួច​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួកសិស្ស ​ហើយ​យក​កន្សែង​ដែល​ព្រះអង្គ​ក្រវាត់​នោះ​មក​ជូត​ផង។​

6 ពេល​ព្រះអង្គ​មក​ដល់​លោក​ស៊ីម៉ូនពេត្រុស​ នោះ​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​នឹង​លាង​ជើង​របស់​ខ្ញុំ​ឬ?»​

7 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នៅ​ពេល​នេះ​ អ្នក​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ​ ប៉ុន្ដែ​អ្នក​នឹង​យល់​នៅ​ពេល​ក្រោយ»​