21 ដ្បិតពេលស្រ្ដីសម្រាលកូន នាងព្រួយចិត្ដ ព្រោះពេលកំណត់របស់នាងមកដល់ ប៉ុន្ដែពេលសម្រាលកូនហើយ នាងក៏លែងនឹកចាំពីសេចក្ដីវេទនាទាំងនោះទៀតហើយ ព្រោះមានអំណរដែលមនុស្សម្នាក់បានកើតមកក្នុងពិភពលោកនេះ។
22 ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ
23 ហើយនៅថ្ងៃនោះអ្នករាល់គ្នាលែងសួរអ្វីខ្ញុំទៀតហើយ។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសុំពីព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានដល់អ្នករាល់គ្នា។
24 រហូតមកដល់ពេលនេះអ្នករាល់គ្នាមិនដែលបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ហើយអំណររបស់អ្នករាល់គ្នានឹងបានពេញបរិបូរ។
25 ខ្ញុំប្រាប់អ្នករាល់គ្នាជារឿងប្រៀបប្រដូចអំពីសេចក្ដីទាំងនេះ ប៉ុន្ដែកាលណាពេលកំណត់មកដល់ ខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាជារឿងប្រៀបប្រដូចទៀតហើយ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះវរបិតា
26 ហើយនៅថ្ងៃនោះអ្នករាល់គ្នានឹងសុំដោយនូវឈ្មោះរបស់ខ្ញុំ ហើយខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងសុំព្រះវរបិតាជំនួសអ្នករាល់គ្នាទេ
27 ដ្បិតព្រះវរបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំបានមកពីព្រះជាម្ចាស់។