យ៉ូហាន 18:3-9 KCB

3 ដូច្នេះ​ពេល​យូដាស​បាន​ទទួល​កង​ទាហាន​រ៉ូម​ និង​ពួកឆ្មាំ​ព្រះវិហារ​ពី​ពួក​សម្តេច​សង្ឃ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​រួច​ហើយ ​ក៏​ទៅ​ទីនោះ​ដោយ​មាន​កាន់​គោម​ ចន្លុះ​ និង​អាវុធ​ផង។​

4 ព្រះយេស៊ូ​បាន​ជ្រាប​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ចំពោះ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​យាង​ចេញ​មក​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «​តើ​អ្នក​រាលគ្នា​រក​អ្នកណា?»​

5 ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ!»​ ឯ​យូដាស​ដែល​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ។​

6 ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ»​ នោះ​ពួកគេ​ក៏​ថយ​ក្រោយ​ ហើយ​ដួល​ទៅ​លើ​ដី។​

7 ដូច្នេះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​រក​អ្នកណា?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»​

8 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ហើយ​ថា​ គឺ​ខ្ញុំ​នេះ​ហើយ​ ដូច្នេះ​បើ​អ្នក​រាល់គ្នា​រក​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​ទាំងនេះ​ទៅ​ចុះ!»​

9 ដូច្នេះ​ក៏​បាន​សម្រេច​តាម​ពាក្យ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា៖​ «ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ»។​