31 ដូច្នេះលោកពីឡាត់ក៏និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ!» ប៉ុន្ដែពួកជនជាតិយូដាបា្រប់គាត់ថា៖ «យើងគ្មានច្បាប់សម្លាប់មនុស្សណាម្នាក់ទេ»។
32 នោះក៏សម្រេចតាមពាក្យរបស់ព្រះយេស៊ូដែលព្រះអង្គបានមានបន្ទូលបង្ហាញអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។
33 លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយទ័ពវិញ ហើយហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្តេចជនជាតិយូដាឬ?»
34 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «តើលោកនិយាយដូច្នេះដោយខ្លួនឯង ឬក៏មានអ្នកណាម្នាក់ទៀតប្រាប់លោកអំពីខ្ញុំឬ?»
35 លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាជនជាតិយូដាឬអី? ពួកជនរួមជាតិរបស់អ្នក និងពួកសម្តេចសង្ឃបានបញ្ជូនអ្នកឲ្យខ្ញុំ តើអ្នកបានធ្វើអ្វីឬ?»
36 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នគររបស់ខ្ញុំមិនមែននៅក្នុងលោកិយនេះទេ បើនគររបស់ខ្ញុំនៅក្នុងលោកិយនេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាវាយតយុទ្ធវិញមិនខាន ដើម្បីកុំឲ្យគេបញ្ជូនខ្ញុំទៅជនជាតិយូដា ប៉ុន្ដែឥឡូវនេះ នគររបស់ខ្ញុំមិនមែននៅទីនេះទេ»។
37 លោកពីឡាត់ក៏សួរព្រះអង្គថា៖ «ដូច្នេះអ្នកជាស្តេចឬ?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «លោកទេតើនិយាយថា ខ្ញុំជាស្តេច ខ្ញុំបានកើតមកក្នុងលោកិយនេះ សម្រាប់ការនេះ គឺឲ្យខ្ញុំធ្វើបន្ទាល់អំពីសេចក្ដីពិត ហើយអស់អ្នកដែលកើតពីសេចក្ដីពិត អ្នកនោះឮសំឡេងរបស់ខ្ញុំ»។