36 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នគររបស់ខ្ញុំមិនមែននៅក្នុងលោកិយនេះទេ បើនគររបស់ខ្ញុំនៅក្នុងលោកិយនេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាវាយតយុទ្ធវិញមិនខាន ដើម្បីកុំឲ្យគេបញ្ជូនខ្ញុំទៅជនជាតិយូដា ប៉ុន្ដែឥឡូវនេះ នគររបស់ខ្ញុំមិនមែននៅទីនេះទេ»។
37 លោកពីឡាត់ក៏សួរព្រះអង្គថា៖ «ដូច្នេះអ្នកជាស្តេចឬ?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «លោកទេតើនិយាយថា ខ្ញុំជាស្តេច ខ្ញុំបានកើតមកក្នុងលោកិយនេះ សម្រាប់ការនេះ គឺឲ្យខ្ញុំធ្វើបន្ទាល់អំពីសេចក្ដីពិត ហើយអស់អ្នកដែលកើតពីសេចក្ដីពិត អ្នកនោះឮសំឡេងរបស់ខ្ញុំ»។
38 លោកពីឡាត់ទូលសួរព្រះអង្គថា៖ «តើសេចក្ដីពិតជាអ្វី?» ពេលទូលដូច្នោះហើយ លោកពីឡាត់ក៏ចេញទៅជួបពួកជនជាតិយូដាម្តងទៀត ហើយនិយាយថា៖ «ខ្ញុំឃើញថា អ្នកនេះគ្មានទោសអ្វីឡើយ
39 អ្នករាល់គ្នាមានទំនៀមទម្លាប់ឲ្យខ្ញុំដោះលែងមនុស្សម្នាក់សម្រាប់អ្នករាល់គ្នានៅពេលបុណ្យរំលង ដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់ជនជាតិយូដានេះសម្រាប់អ្នករាល់គ្នាដែរឬទេ?»
40 ពេលនោះពួកគេស្រែកឡើងម្តងទៀតថា៖ «កុំលែងម្នាក់នេះ! លែងបារ៉ាបាសវិញ!» បារ៉ាបាសគឺជាចោរប្លន់។