5 ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលកូនខ្ញុំប្រាប់ចុះ»។
6 នៅទីនោះ គេបានដាក់ពាងថ្មប្រាំមួយសម្រាប់ពិធីជម្រះកាយរបស់ជនជាតិយូដា ហើយពាងនីមួយៗមានចំណុះពីរ ឬបីអម្រែក។
7 ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកបម្រើថា៖ «ចូរចាក់ទឹកបំពេញពាងទាំងអស់ទៅ!» ពួកគេក៏ចាក់ទឹកបំពេញដល់មាត់ពាង។
8 ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឥឡូវនេះ ចូរដងទឹក ហើយយកទៅឲ្យមេការចុះ» ពួកគេក៏ដងទឹក ហើយយកទៅ។
9 ពេលមេការបានភ្លក់ទឹកដែលត្រលប់ជាស្រាទំពាំងបាយជូរនោះហើយ គាត់ក៏ហៅកូនកំលោះមក (មេការនោះមិនដឹងថាគេបានស្រាមកពីណាទេ ប៉ុន្ដែពួកអ្នកបម្រើដែលដងទឹកនោះ ពួកគេដឹង)
10 ប្រាប់ថា៖ «អ្នកផងទាំងពួងតែងតែយកស្រាទំពាំងបាយជូរល្អៗមកជូនជាមុន លុះកាលណាផឹកស្រវឹងហើយ ទើបគេយកស្រាទំពាំងបាយជូរមិនសូវល្អមកជូនជាក្រោយ ប៉ុន្ដែអ្នកវិញ អ្នកទុកស្រាទំពាំងបាយជូរល្អៗរហូតដល់ពេលនេះ»។
11 នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ